ជ្រើសរើសភាសា: Khmer Khmer English English
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ ឯកឧត្តម Sonexay VANNAXAY ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ ២០២៦

    នាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៦, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Sonexay VANNAXAY ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតឡាវប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

    ជាមួយនឹងការសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ កន្លងមក។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនភ្ញៀវអំពីសមិទ្ធិផលនៃកម្មវិធីកំណែទម្រង់ និងវិធានការនានាដែលកម្ពុជា បានដាក់ឱ្យអនុវត្ត និងសម្រេចកន្លងមក ដើម្បីធានាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាពលរដ្ឋ ដូចជា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបច្ចុប្បន្ននេះស្ថិតក្នុងដំណាក់កាលទី ៤ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃថវិកាទាំងផ្នែកវិភាជន៍ ទាំងក្នុងផ្នែកប្រតិបត្តិការ និងស័ក្តិសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ ផងដែរ។ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី, ជាក់ស្ដែង, រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានសម្រេចនូវកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា, រដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយឡាវ ក៏បានចុះអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកក្នុងការងារគយ ដើម្បីជំរុញរំហូរទំនិញដោយសេរីរវាងប្រទេសទាំងពីរ ជាដើម។

    ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជួបសម្ដែងការគួរសម និងសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។ ឆ្នាំនេះគឺជាខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ប្រទេសទាំងពីរ បានត្រៀមរៀបចំប្រារព្ធពិធីអបអរសាទរទាំងនៅរាជធានីភ្នំពេញ និងនៅទីក្រុងវៀងចន្ទន៍។ ចំណងមិត្តភាពយូរអង្វែងនេះ បានប្រែក្លាយពីទំនាក់ទំនងទ្វេភាគី មកជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាពិសេស ភាពជាអ្នកជិតខាងល្អ និងយូរអង្វែង ដែលបានធ្វើឱ្យប្រទេសទាំងពីរសម្រេចបាននូវលទ្ធផលជាផ្លែផ្កាក្នុងវិស័យជាច្រើនរួមមាន៖ ពាណិជ្ជកម្ម, វិនិយោគ, ថាមពល និងវិស័យហិរញ្ញវត្ថុ ជាដើម។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាឡិបាលកម្ពុជាផងដែរ ដែលបានផ្ដល់ការគាំទ្រ និងជំនួយជាបន្តបន្ទាប់ដល់ប្រទេសឡាវ ជាពិសេស ក្នុងអំឡុងពេលដែលឡាវធ្វើជាប្រធានអាស៊ានឆ្នាំ ២០២៤ និងក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ កន្លងមក។

    ភាគីទាំងពីរ កម្ពុជា-ឡាវ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងកាន់កែសកម្មលើគ្រប់វិស័យ និងត្រៀមខ្លួនជានិច្ចក្នុងការឆ្លើយតបលើកិច្ចសហការទាំងឡាយ ដែលនឹងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទំនាក់ទំនង និងការផ្លាស់ប្ដូរលើគ្រប់វិស័យរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

    ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី សូមទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងអាណត្តិការងារដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម នៅប្រទេសកម្ពុជា។


ព័ត៌មានទាក់ទង